នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នាទីក្រុងវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យដឹងថា កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា គឺជាកិច្ចព្រមព្រៀងមួយដែលនឹងមិនជួយឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព នៅថ្ងៃអនាគត ដូចដែលពលរដ្ឋកម្ពុជា ទន្ទឹងរង់ចាំចង់បាននោះឡើយ។
លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និងជាអតីតមន្ត្រីច្បាប់នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និយាយថា កិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ ស្ដីពីការបង្កើតរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្មានអ្វីថ្មីទេ។ លោកបញ្ជាក់ថា រូបមន្តនៃការជ្រើសរើសសមាសភាព គ.ជ.ប ដែលបានព្រមព្រៀងគ្នា គឺគណបក្សប្រជាជនកម្ពុជា មានប្រៀបលើគណបក្សសង្គ្រោះជាតិ ដាច់។
លោក ប៊្រែដ អាដាម៖ «កិច្ចព្រមព្រៀងនេះអាក្រក់ណាស់។ វាមិនមានខ្លឹមសារចែងលម្អិតនូវតម្រូវការឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើអ្វីមួយខុសប្លែកពីអ្វីដែលគណបក្សនេះកំពុងធ្វើឡើយ»។
លោក ប៊្រែដ អាដាម បន្តថា ចំណុចដែលមានបញ្ហាធំដែលផ្តល់អត្ថប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា នោះគឺការព្រមព្រៀងគ្នាអំពីរបៀបជ្រើសរើសសមាជិកទី៩ នៃ គ.ជ.ប៖ «ការដែលព្រមព្រៀងគ្នាថា សមាសភាពទី៩ នៃ គ.ជ.ប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ ហើយបើមិនមានការព្រមព្រៀងគ្នាទេនោះ គ.ជ.ប ចាស់នឹងត្រូវបន្តដំណើរការដដែលនោះ មានន័យថា គណបក្សប្រជាជនកម្ពុជា ចង់សម្រេចចិត្តបង្កើត គ.ជ.ប ថ្មីក៏បាន ឬមិនចង់បង្កើតក៏បាន។ ហើយបើគណបក្សប្រជាជនកម្ពុជា ចង់បង្កើត គេនឹងជ្រើសរើសមនុស្សរបស់គេ ដើម្បីធ្វើជាសមាជិកទី៩នោះ»។
លោក ប៊្រែដ អាដាម បន្តថា ដូច្នេះរូបមន្តថ្មីនេះមិនខុសគ្នានឹងរចនាសម្ព័ន្ធ គ.ជ.ប ចាស់ពេលបង្កើតនៅឆ្នាំ១៩៩៧ នោះទេ។ ពេលនោះ សមាជិកអចិន្ត្រៃយ៍នៃ គ.ជ.ប មាន ៥រូប។ ៣រូបមកពីគណបក្សប្រជាជនកម្ពុជា និង ២រូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ហើយបញ្ហាចេះតែមានរហូតមក គឺគណបក្សប្រជាជនកម្ពុជា ត្រួតត្រាលើកិច្ចការចាត់ចែងគ្រប់បែបយ៉ាងរបស់ គ.ជ.ប ទាំងមូល ដោយសមាជិក គ.ជ.ប ពីគណបក្សប្រជាជនកម្ពុជា ស្តាប់តែបញ្ជាពីគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment